មិនធម្មតា! ក្រុម​បឹងកេត​ជិះ​យន្តហោះ​ទៅ​ប្រកួត​ជាមួយ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ​នៅ​សៀមរាប

495

សៀមរាប៖ ក្រុម​ជើង​ខ្លាំង​បឹងកេត បាន​ចំណាយលុយ​មិន​ក្រោម​ខ្ទង់ពាន់​ដុល្លារ​ទេ​ក្នុងការ​ធ្វើដំណើរ​តាម​យន្តហោះ​ឆ្ពោះទៅកាន់​ខេត្តសៀមរាប ដើម្បី​ប្រកួត​ជាមួយ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ​នៅ​ថ្ងៃអាទិត្យ​ស្អែក​នេះ។ ការធ្វើដំណើរ​តាម​យ​នុ្ត​ហោះ​នេះ ធ្វើឱ្យ​ក្លិប​បឹងកេត​បាន​ក្លាយជា​ក្លិប​បាល់ទាត់​ក្នុង​លី​គ​កំពូល​កម្ពុជា​ដំបូង​គេ​បង្អស់ ដែល​បានធ្វើ​ដំណើរ​តាមផ្លូវ​អាកាស​ទៅ​ប្រកួត​នៅក្រៅ​ទឹកដី ក្នុង​ក្របខណ្ឌ Metfone Cambodian League ។

វេ​ប​សាយ​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា បាន​ចុះផ្សាយ​ថា ក្រុម​បឹងកេត​បានធ្វើ​ដំណើរ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប នា​ម៉ោង​ប្រមាណ៩ព្រឹក ថ្ងៃទី០៦ មេសា​នេះ ដើម្បី​ត្រៀម​ជួប​ម្ចាស់ផ្ទះ​អង្គ​រថា​យ​ហ្គឺ​រ នា​ថ្ងៃទី០៧ មេសា​ខាងមុខ នៅ​ទីលាន​កីឡដ្ឋាន​ខេត្តសៀមរាប ដែល​ការប្រកួត​ចាប់ផ្ដើម​ពី​ម៉ោង៣:៣០នាទី មាន​ផ្សាយ​ផ្ទាល់​លើ YouTube គណៈកម្មការ​ប្រកួត​បា​ល់​ទាត់​ជាតិ​កម្ពុជា CNCC ។

លោក​បែរ មករា អ្នកចាត់ការ​ទូទៅ​រប​ស់​ក្លិប​បាល់ទាត់​បឹងកេត បាន​អះអាងថា ការធ្វើដំណើរ​ពី​ភ្នំពេញ-សៀមរាប តាម​ជើងហោះហើរ​របស់​ក្រុមហ៊ុន Cambodia Airways ដែលជា​ម្ចាស់​ឧបត្ថម្ភ​ធំ​របស់​បឹងកេត​នេះ គឺ​បានផ្ដល់​ផលចំណេញ​ដល់​ក្លិប​បឹងកេត។ លោក​បញ្ជាក់​ដូច្នេះ​ថា «នេះ​ពុំមែន​ជាការ​ឧបត្ថម្ភ​របស់ Cambodia Airways ទេ ព្រោះ​យើង​មាន​កញ្ចប់​ថវិកា​ឧបត្ថម្ភ​ធំ​រួចហើយ ប៉ុន្តែ​ជាការ​ផ្ដល់​អត្ថប្រយោជន៍​ឲ្យ​គ្នា​រវាង​ក្លិប និង Sponsor មានន័យថា Sponsor ជួយឧបត្ថម្ភ​យើង យើង​ជួយ​ប្រើប្រាស់​សេវាកម្ម​របស់ Sponsor វិញ។ មួយវិញទៀត ជិះ​យន្តហោះ​ចំណេញ​ពេល​ច្រើន ចំណេញ​កម្លាំង​កីឡាករ​យើង អញ្ចឹង​គាត់​មាន​ស្មារតី​គ្រប់គ្រាន់ ដើម្បី​ផ្ដោតលើ​ការប្រកួត​មួយ​មុខ»។

បើតាម​លោក​បែរ មករា ការធ្វើដំណើរ​តាម​រថយន្ត​គឺ​ត្រូវ​ចំណាយពេល​ច្រើន​ម៉ោង​ដែល​បណ្តាលឱ្យ​កីឡាករ​អស់កម្លាំង​ទៅតាម​នោះដែរ ដែល​នាំ​ឲ្យ​ក្លិប​ត្រូវបញ្ជូន​កីឡាករ​ទៅមុន​ការប្រកួត​ដល់​ទៅ២ថ្ងៃ។ ដូច្នេះ​ចំណាយ​លើ​ការ​ស្នាក់នៅ ហូបចុក​ក៏​អស់​ច្រើន​ដូចគ្នា ទើប​ក្លិប​សម្រេច​ជិះ​យន្តហោះ​តែម្ដង៕

Loading...