ប្រកាសបើកការប្រកួតកីឡាបាល់ទាត់ U-13 និងU-16ពានរង្វាន់ ប៊ែលធីអន្តរជាតិ ឆ្នាំ២០១៩

329

ភ្នំពេញ៖ សាលាប៊ែលធីអន្តរជាតិបានប្រកាសបើកការប្រកួត កីឡាបាល់ទាត់ពានរង្វាន់របស់ខ្លួន ប្រចាំ​ឆ្នាំ២០១៩ ដែលមានក្រុមប្រកួត U-13 ចំនួន១៩ និងU-16 ចំនួន ១៧ ក្រុមមកពីសាលា ប៊ែលធី ទាំង ១៩ សាខា និងមានសិស្សានុសិស្សចូលរួមគាំទ្រជាង ៥.៦០០នាក់ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នេះ។

លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធីគ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយក សាខា បានឱ្យដឹងថា ការប្រកួតនេះត្រូវបានរៀបចំឡើង ដើម្បីឆ្លើយតបទៅនឹងគោល នយោ បាយ ក្នុងការពង្រឹង​លើវិស័យកីឡាគ្រប់ប្រភេទរបស់រាជរដ្ឋាភិបាលកម្ពុជា និងស្របតាមកម្ម វិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបាន ដាក់បញ្ចូលកម្មវិធីកីឡានេះ ទៅក្នុង កម្មវិធីសិក្សានៅទូទាំងប្រទេស។

ឯកឧត្តម  លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយក ប៊ែលធី គ្រុប បានណែនាំដល់ក្មួយៗសិស្សានុសិស្សទាំងអស់នាំគ្នាលេងកីឡា ដែលអាចឱ្យ​សិស្ស ទទួលបាននូវសុខភាពល្អ មានទំនាក់ទំនងល្អ មានសាមគ្គីភាព ព្រមទាំងដើម្បីចៀសឱ្យឆ្ងាយ​ពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ដែលបង្កឱ្យមានអសន្តិសុខដល់សង្គម និងធ្វើឱ្យ​បាត់បង់នូវកម្លាំងធនធានមនុស្សក្នុងការអភិវឌ្ឍប្រទេសជាតិ។

ឯកឧត្តម​បាន​ផ្តាំ​ផ្ញើ​ដល់​ក្មួយៗ ក្រុមកីឡាករទាំង៣៦ក្រុម ឱ្យប្រកួតជាមួយគ្នាតាមលក្ខណៈបច្ចេកទេស សីលធម៌ យុត្ដិធម៌ និងប្រកប​ដោយឆន្ទៈ​មុត​មាំ​ ហើយចេះគោរពដៃគូប្រកួតរបស់ខ្លួន ព្រោះការប្រកួតនេះ​ជា​លក្ខណៈ គ្រួសារ ប៊ែលធី បើទោះបីឈ្នះ ឬចាញ់ ក៏នៅតែជាគ្រួសារប៊ែលធីដែរ។ ឯកឧត្តម​ប្រធានគណៈអធិបតីបានប្រគល់បាល់ជូនក្រុមអាជ្ញាកណ្តាលជានិមិត្តរូបនៃពិធីបើកការប្រកួតជាផ្លូវការបាល់ទាត់ U-13 និងU-16៕

 

ប្រភព៖ AKP

Loading...