ក្លិបអង្គរថាយហ្គឺរនាំយកកីឡាករអាហ្សង់ទីនដំបូងបង្អស់មកលេងនៅលីគកំពូលកម្ពុជា

511

ក្លិបបាល់ទាត់ អង្គរថាយហ្គឺរ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ បានចុះកិច្ចព្រមព្រៀងនាំយកកីឡាករអាហ្សង់ទីនមួយរូប ដើម្បីជួយពង្រឹងក្រុមសម្រាប់រដូវកាលថ្មីឆ្នាំ២០១៩ ។  កីឡាករ​ចំណូលថ្មីរូបនេះ មានឈ្មោះថា Ramos Alexis Damian ដែលធ្លាប់លេងឲ្យក្លិបជាច្រើននៅក្នុងប្រទេសអាហ្សង់ទីន និងប្រទេសផ្សេងទៀត។

 

Ramos Alexis Damian  មានវ័យ២៩ឆ្នាំ កម្ពស់ ១,៩៣ ម៉ែត្រ និងលេងក្នុងតំណែងជាខ្សែប្រយុទ្ធ។ ខ្សែប្រយុទ្ធរូបនេះ បាននិយាយថា រូបគេមានការសប្បាយរីករាយណាស់ដែលបានមកលេងនៅក្នុងប្រទេសកម្ពុជានេះ ។ Ramos Alexis Damian  បាននិយាយប្រាប់វេបសាយ Angkor-tiger ថា៖ “ខ្ញុំដឹងថា ខ្ញុំជាកីឡាករ អាជីពអាហ្សង់ទីនទី ១ ដែលនឹងលេងនៅក្នុងប្រទេសកម្ពុជា។ នោះគឺជាការលើកទឹកចិត្តបន្ថែមដើម្បីកេរ្តិ៍ឈ្មោះ របស់ខ្ញុំ និងដើម្បីប្រទេសរបស់ខ្ញុំ”។

Ramos Alexis Damian  គឺជាកីឡាករទី៦ហើយដែលក្លិបបាល់ទាត់អង្គរថាយហ្គឺរ ចុះកិច្ចព្រមព្រៀងនាំយកមកពង្រឹងក្រុមនៅក្នុងរដូវកាលឆ្នាំ២០១៩នេះ។ កីឡាកររូបនេះ បានលើកឡើងថា៖ “និយាយដោយស្មោះត្រង់ ខ្ញុំចង់លេងនៅតំបន់អាស៊ី។ មុនពេលមានការចាប់អារម្មណ៍ពីគ្រូបង្វឹក Oriol ខ្ញុំមានរឿងតិចណាស់ដែលត្រូវគិត ដែលខ្ញុំត្រូវគិតថានឹងសម្រេចចិត្តមកទីនេះ។ ការប្តេជ្ញាចិត្តរបស់ខ្ញុំ គឺលេងឲ្យអស់ ពីសមត្ថភាពរាល់ការប្រកួត ដែលខ្ញុំត្រូវលេង ដើម្បីឈានដល់កម្រិតដល់ល្អបំផុត នឹងព្យាយាមស្វែងរកគ្រប់បាល់ នេះគឺជាវិធីដើម្បីអាចជួយក្រុម”។

សូមបញ្ជាក់ថា មុនមកកាន់ប្រទេសកម្ពុជា  Ramos Alexis Damian ធ្លាប់លេងឲ្យក្លិបបាល់ទាត់ជាច្រើននៅក្នុងប្រទេស​អាហ្សង់ទីន។ ក្រៅពីនេះ រូបគេក៏ធ្លាប់លេងឲ្យក្លិបនៅក្នុងប្រទេសអេក្វាឌ័រ សាលវ៉ាឌ័រ អ៊ុយរ៉ាហ្គាយ វេណេស៊ុយអេឡា និង  Malta  ផងដែរ៕

Loading...