ក្រុមហ៊ុនចិន​មួយ​គ្រោងវិនិយោគកែឆ្នៃសំរាម​ទៅជាថាមពលនៅខេត្ដកំពង់ចាម

455

ភ្នំពេញ: ក្រុមហ៊ុន​ចិន CONCH VENTER Holding Group គ្រោង​នឹង​វិនិយោគ​លើ​ថាមពល​ពី​សំរាម​នៅ​ខេត្តកំពង់ចាម ដើម្បី​រួមចំណែក​បង្កើន​តម្រូវការ​ប្រើប្រាស់​ថាមពល​។ នេះ​បើតាម​អភិបាលខេត្ត​។

លោក Ji Qiyin ប្រធាន​ក្រុមហ៊ុន CONCH VENTER Holding Group បានបង្ហាញ​គម្រោង​លើ​ថាមពល​ពី​សំរាម​នៅក្នុង​ជំនួប​ពិភាក្សា​​ជាមួយ​លោក អ៊ុន ចាន់ដា អភិបាលខេត្ត​កំពង់ចាម​កាលពី​ថ្ងៃ​ចន្ទ​។

លោក អ៊ុន ចាន់ដា អភិបាលខេត្ត​កំពង់ចាមក្រុមហ៊ុន​ចិន​នេះ​បាន​ចុះមក​សិក្សា​ផ្ទាល់​នៅ​ទីតាំង​ចាក់សំរាម និង​ទីតាំង​សម្រាប់​ធ្វើការ​កែច្នៃ​សំរាម​នៅ​ខេត្ត​កំពង់ចាម​កាលពី​ថ្ងៃ​ចន្ទ​។

លោក​ថ្លែងថា​៖ «​កំពុង​សិក្សា​ពី​លទ្ធភាព​សំរាម ដើម្បី​បំលែង​ជា​ថាមពល​អគ្គិសនី​សម្រាប់​ប្រើប្រាស់​នៅក្នុង​ខេត្ត​កំពង់ចាម​ជា​ជំហាន​បឋម ក្រុមហ៊ុន​នេះ​បាន​ចុះមក​ពិនិត្យ​ទីតាំង​កន្លែង​ចាក់សំរាម និង​ទីតាំង​សម្រាប់​កែច្នៃ​ដែល​រដ្ឋបាល​ខេត្ត​កំពង់ចាម​បានរៀបចំ​ទីតាំង​មួយកន្លែង​ធ្វើការ​កែច្នៃ​សំរាម​»​។ លោក​បន្ថែម​ថា បន្ទាប់ពី​ចុះមក​សិក្សា​ផ្ទាល់ ក្រុមហ៊ុន​នេះ​នឹង​បង្ហាញ​របាយការណ៍​ពី​លទ្ធផល​សិក្សា​ដល់​អាជ្ញាធរខេត្ត​កំពង់ចាម​ក្នុង​រយៈពេល ៣ ​ទៅ​ ៤ ថ្ងៃ​ទៀត​។

លោក​បាន​បន្តថា​៖ «​ការ​បំលែង​ថាមពល​អគ្គិសនី​ពី​សំរាម វា​ជា​រឿង​មួយ​ល្អ ដែល​ស្រប​នឹង​គោលនយោបាយ​របស់​រដ្ឋាភិបាល និង​ការបម្រើ​ជា​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​»​។

បើតាម​លោក អ៊ុន ចាន់ដា បច្ចុប្បន្ន​ក្នុង​ខេត្តកំពង់ចាម​មាន​សំរាម​ជា​មធ្យម ២៥០ ​តោន ក្នុង​ ១ ​ថ្ងៃ ដែល​​ត្រូវបាន​យក​ទៅ​ចាក់​បំពេញ​ទីលាន​ចាក់សំរាម​ស្ថិតនៅ​ស្រុក​ចំការលើ​ខេត្ត​នេះ​។ លោក​បន្តថា​៖ «​ប្រសិន​បើ​គម្រោង​នេះ​អាច​កើតមាន​ឡើង វា​នឹង​ជួយ​បំពេញ​តម្រូវការ​ថាមពល​ដល់​វិស័យ​រោងចក្រ​កាត់ដេរ​ដែល​មាន ១៦ ទីតាំង​នៅទីនេះ ដើម្បី​បង្កើន​ចង្វាក់​ផលិតកម្ម​»​។

កាលពី​សប្តាហ៍​មុន ក្រុមហ៊ុន​ចិន Li Yu Heng Cambodia Construction ក៏បាន​បង្ហាញ​ផែនការ​ការវិនិយោគ​ការកែច្នៃ​សំរាម​បំលែង​ទៅជា​ថាមពល​នៅ​ខេត្ត​ព្រះសីហនុ​។

ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​សប្តាហ៍​មុន​លោក គួច ចំរើន ស្វាគមន៍​គំនិត​ផ្តួចផ្ដើម​នេះ និង​ជំរុញ​ឲ្យ​ក្រុមហ៊ុន​នេះ​សិក្សា និង​ចាប់ផ្ដើម​គម្រោង​នេះ​ឲ្យ​បាន​កាន់តែ​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​។ លោក​ថ្លែងថា​៖ «​យើង​ស្វាគមន៍​ចំណាប់អារម្មណ៍​របស់​ក្រុមហ៊ុន​នេះ​ក្នុង​ការវិនិយោគ​លើ​ការផលិត​ថាមពល ដោយ​បំលែង​ពី​សំរាម​»​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ខែតុលា​ក៏បាន​សម្រេច​ឲ្យ​ក្រសួង​រ៉ែ និង​ថាមពល​ស្វែងរក​ការវិនិយោគ​បង្កើត​រោងចក្រ​អគ្គិសនី​ដោយ​ការដុត​សំរាម​ផងដែរ​។

ទិន្នន័យ​ផ្លូវការ​បាន​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹងថា ប្រទេស​ចិន​បាន​វិនិយោគ​ប្រហែល​​ ១៤,៧ ​ពាន់​លាន​ដុល្លារ​នៅ​កម្ពុជា​ចាប់ពី​ឆ្នាំ​ ១៩៩៤ ដល់​ឆ្នាំ​ ២០១៦​។ ចាប់ពី​ឆ្នាំ​ ១៩៩៣ ដល់​ចុង​ឆ្នាំ ​២០១៧ ប្រទេស​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​កម្ចីសម្បទាន​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ចំនួន​ ៩,៦ ​ពាន់​លាន​ដុល្លារ​។

តួលេខ​ចុងក្រោយ​បំផុត​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បង្ហាញ​ថា ​រដ្ឋាភិបាល​បានអនុម័ត​ការវិនិយោគ​ប្រហែល ៥,២ ​ពាន់​លាន​ដុល្លារ​ ​នៅ​ឆមាស​ទី​ ១ ​ឆ្នាំ​នេះ​។ តួលេខ​នេះ​គឺ​កើនឡើង​ ៤៨,៥ ​ភាគរយ​ ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​។

ក្រុម​វិនិយោគិន​ក្នុង​ស្រុក​មាន​ចំនួន​ ៦៨,៤ ​ភាគរយ​ នៃ​ការវិនិយោគ​សរុប ខណៈ​ការវិនិយោគ​មកពី​ប្រទេស​ចិន​ស្មើនឹង ​២៥,៤ ​ភាគរយ​៕

Loading...