កីឡាប្រណាំងកង់បានចាប់ផ្តើមប្រកួតមុនគេ ដើម្បីអបអរពិធីបុណ្យទន្លេ លើកទី៦ នៅខេត្តបាត់ដំបង

636

បាត់ដំបង៖ កីឡាប្រណាំងកង់បានចាប់ផ្តើមប្រកួតមុនគេ នៅព្រឹកព្រលឹមថ្ងៃទី១៣ មីនា ឆ្នាំ២០២០ នៅ​មុខសាលាខេត្តបាត់ដំបង ដែលជាថ្ងៃដំបូងនៃពិធីបុណ្យទន្លេ លើកទី៦ ឆ្នាំ២០២០ នៅ​ខេត្តបាត់ដំបង។

រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិក​កម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន បានថ្លែងឱ្យដឹងកាលពីព្រឹកថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០​នេះថា មានប្រភេទកីឡាប្រណាំងកង់ ដែលត្រូវបានចាប់ផ្តើមប្រកួតកម្សាន្តមុនគេ ដើម្បីចូល​រួម​អបអរពិធីបុណ្យទន្លេ លើកទី៦ ឆ្នាំ២០២០ នៅខេត្តបាត់ដំបង ក្រោមប្រធានបទ «បុណ្យ​ទន្លេ សន្តិភាព និងវិបុលភាព» ដោយកីឡាប្រណាំងកង់នេះ​ត្រូវបានប្រារព្ធធ្វើឡើងក្រោមវត្ត​មាន​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍​ និងជាប្រធានគណៈកម្មាធិការជាតិ​អូឡាំពិកកម្ពុជា (NOCC)។

ឯកឧត្ដមបានគូសបញ្ជាក់ថា ក្បួនជិះកង់កម្សាន្តបានចេញ​ដំណើរ​ពីមុខសាលាខេត្តឆ្ពោះទៅកាន់ប្រសាទបាណន់ ដែលជាតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ​ដ៏ទាក់​ទាញ ដោយកីឡាករ កីឡាការិនីប្រណាំងកង់ប្រមាណ៥០នាក់សុទ្ធសឹង​តែបង្ហាញ​នូវទឹក​មុខញញឹមរីករាយរាក់ទាក់ ក្នុងការចូលរួមក្នុងពិធីបុណ្យទន្លេលើកនេះ។ ចំពោះកម្ម​វិធីកីឡាពេលល្ងាចមានដូចជាការប្រកួតកីឡាបាល់ទាត់ និងបាល់ទះបុរសនារី អុកចត្រង្គ ប៉េតង់ ចំបាប់បុរាណ ប្រដាល់គុនខ្មែរ ទាញព្រ័ត្រ។

ឯកឧត្តមសង្កត់ធ្ងន់ថា ប្រភេទកីឡាបាល់ទាត់ នៅខេត្តបាត់ដំបងនេះបានបង្ហាញនូវការ​រីក​ចម្រើន ដែលមានក្រុមចូលរួមរហូតដល់២៤ក្រុម បុរស-នារី និងកីឡាចំបាប់បុរាណ ដែល​ជា​កីឡា​ប្រពៃណីអត្តសញ្ញាណជាតិខ្មែរ ហើយយើងសង្ឃឹមថានឹងមានការចូលរួមគាំទ្រ​ទស្សនា​​ពីមហាជនយ៉ាងច្រើនកុះករ។ ជាមួយគ្នានេះ ខេត្តបាត់ដំបងគឺជាខេត្ត ដែលមានកីឡា ចំបាប់បុរាណ​ដ៏ចំណាស់ និងធំៗនេះ ដែលយើងបំផុសចលនាកីឡាទាំងអស់នេះ ក្នុងដំណើរ​ឆ្ពោះ​ទៅទទួលរៀបចំកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នៅកម្ពុជា ដោយកីឡាដើម្បី​ទាំងអស់គ្នា កីឡាដើម្បីស៊ីហ្គេម ឆ្នាំ២០២៣។ ឯកឧត្តមលើកឡើងថា ថ្ងៃស្អែកទី១៤ ខែមីនា គឺជាពិធីបើកដ៏ធំផ្លូវការ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងបានផ្តល់ឱ្យពិធីបុណ្យទន្លេ លើកទី៦ នៅ​ខេត្តបាត់ដំបង និងប្រជាពលរដ្ឋទាំងអស់ ដែលចូលរួមទទួលបាននូវអារម្មណ៍រីករាយ កក់ក្តៅ​បំផុត ក្រោមម្លប់នៃសន្តិភាព៕

 

Loading...