កម្មវិធី​ប្រដាល់​គុន​ខ្មែរ​នៅ​សង្វៀន​ SEATV ​នឹង​ត្រូវផ្អាក​​ការ​ប្រកួត​នៅ​ចុង​ខែ​មិថុនា​

797

ភ្នំពេញ៖ ​កម្មវិធី​ប្រដាល់​គុន​ខ្មែរ​នៅ​សង្វៀន​អាស៊ី​អាគ្នេយ៍​ ដែល​ធ្លាប់​មាន​ប្រកួត​ច្រើន​លើក​ក្នុង ​១ សប្តាហ៍​នោះ​ គិត​មក​ដល់​បច្ចុប្បន្ន​នៅ​សល់​តែ​ ១ កម្មវិធី​ទេ គឺ​ការ​ប្រកួត​នៅ​​ល្ងាច​ថ្ងៃ​សៅរ៍​ ​ក្រោម​ការ​ឧបត្ថម្ភ​​ផ្តាច់​មុខ​ដោយ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ខារ៉ាបាវ​ ហើយ​ដោយសារ​កម្មវិធី​នេះ ​នឹង​ត្រូវ​ចប់​កិច្ច​សន្យា​ត្រឹម​ថ្ងៃទី ​៣០​ ខែ ​មិថុនា ​ឆ្នាំ ​២០២០​ អ៊ីចឹង​​មាន​ន័យ​ថា ​សង្វៀន ​SEATV នឹង​​ផ្អាក​កម្មវិធី​​ប្រដាល់​គុន​ខ្មែរ​ទាំង​ស្រុង​ ដោយ​មិន​ទាន់​មាន​គម្រោង​ថ្មី​បន្ត​ទៀត​នៅ​ឡើយ​។

សង្វៀន​ SEATV បាន​ចាប់​ផ្តើម​រៀបចំ​ការ​ប្រកួត​ល្បី​ខ្លាំង​នៅ​ឆ្នាំ ​២០១៣​ ដោយ​កាល​នោះ​ក្នុង ​១ សប្តាហ៍​ មាន​រហូត​ដល់ ​៦ ​កម្មវិធី​ ​និង​ប្រកួតពី​​ថ្ងៃ​សុក្រ​ ដល់​អាទិត្យ​ ដោយ​ទទួល​បាន​ប្រិយភាព​ខ្ពស់​ជាង​គេ​។ ប៉ុន្តែ​​ក្រោយៗ​មក​ទៀត ស្រប​ពេល​​សង្វៀន​ប្រដាល់​ប៉ុស្តិ៍​ផ្សេង ​មាន​ប្រជាប្រិយភាព​ជាង​វិញ​នោះ ​ធ្វើ​ឲ្យ​សង្វៀន​មួយ​នេះ​ ត្រូវ​បាន​ដៃគូ​សហការ​ឧបត្ថម្ភ​ដក​ថយ​ទៅ​សង្វៀន​ដទៃ​ ដោយ​គ្មាន​មូលហេតុ​ច្បាស់​លាស់​ធំ​ដុំ​ ខណៈ​ពេល​នេះ កម្មវិធី​ ១ ​ចុង​ក្រោយ ក៏​នឹង​ផុត​កុងត្រា​នៅ​ត្រឹម​ថ្ងៃទី ​៣០ ខែ​មិថុនា ខាង​មុខ។

គួរ​រំឭកក់​ថា​ សង្វៀន​ SEATV ក្រៅ​ពី​ផ្តល់​តម្លៃ​ខ្លួន​ប្រកួត​ឲ្យ​កីឡាករ ​ដែល​មក​ប្រកួត គឺ​​នៅ​មាន​ការ​​ឧបត្ថម្ភ​កម្រៃ​ពលកម្ម​ដល់​មន្ត្រី​បច្ចេកទេស​របស់​សហព័ន្ធ ​ពី​​ថ្នាក់​ដឹកនាំ​ប្រកួត​រហូត​ដល់​ចៅ​ក្រម​អាជ្ញា​កណ្តាល​ សរុប​ជាង ​៣០ ​នាក់ ​ក្នុង ​១ ​ប្រកួត ​ប៉ុន្តែ​ការ​ផ្អាក​ជា​បណ្តោះ​អាសន្ន​ ដោយ​គ្មាន​កាល​កំណត់​នេះ គឺ​បាន​ធ្វើ​ឲ្យ​ពួក​គាត់​បាត់​ប្រាក់​ចំណូល​ និង​មាន​ជីវភាព​កាន់​តែ​លំបាក​៕​

Loading...