កម្ពុជាបោះជំហានប្រកបដោយទំនុកចិត្តខ្ពស់ ឆ្ពោះទៅរៀបចំ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣

86

CAMSOS-ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានថ្លែងថា ការប្រារព្ធពិធីប្រកាសពានរង្វាន់ជូនជ័យលាភីស្លាកសញ្ញា និមិត្តសញ្ញារូបសត្វតំណាង និងការរាប់ថយក្រោយ១០០០ថ្ងៃ ឆ្ពោះទៅស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ គឺស្ថិតនៅក្នុងកម្មវិធីស៊ីហ្គេម ២០២៣ នេះដែរ ដែលនេះជាការបោះជំហានរបស់កម្ពុជានៃដំណាក់កាលនីមួយៗប្រកបដោយទំនុកចិត្តខ្ពស់ ដើម្បីបំផុសស្មារតីឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ក៏ដូចជាស្ថាប័នពាក់ព័ន្ធ អង្គទូតនៃបណ្តាប្រទេសអាស៊ានជាសមាជិកស៊ីហ្គេម។

ឯកឧត្តមអគ្គលេខាធិការបន្ថែមទៀតថា ពិធីដ៏អធិកអធម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ក៏ជាសារដ៏សំខាន់មួយ ក្នុងការចែករំលែកជូនដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសគឺស្ថាប័នជំនាញពាក់ព័ន្ធ អាជ្ញាធររាជធានី-ខេត្ត ឲ្យត្រៀមខ្លួនក្នុងការពង្រឹងសមត្ថភាពគ្រប់គ្រងដឹកនាំ ក្នុងឋានៈជាម្ចាស់ផ្ទះថាកម្ពុជាកំពុងបោះជំហានទៅមុខប្រកបដោយទំនុកចិត្ត ស្វាហាប់នៃដំណាក់កាលនីមួយៗ។ «យើងបានបំពេញកាតព្វកិច្ច ក្នុងនាមជាម្ចាស់ផ្ទះ ដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវប្រកបដោយភាពកក់ក្តៅ និងសេចក្តីថ្លៃថ្នូ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្លាប់មានប្រសាសន៍ថា ក្នុងនាមជាម្ចាស់ផ្ទះធ្វើយ៉ាងណាឲ្យការទទួលធ្វើម្ចាស់ផ្ទះនេះ ទទួលបានកិត្តិយស សេចក្តីថ្លៃថ្នូ និងទទួលបានការកោតសរសើរពីអ្នកចូលរួម»។

ឯកឧត្តម វ៉ាត់ ចំរើន លើកឡើងទៀតថា ចាប់ពីពេលនេះតទៅ ក្នុងរយៈពេល១០០០ថ្ងៃ នៃការរាប់ថយក្រោយ គឺជាពេលវេលាដ៏សំខាន់ សម្រាប់អ្នកជំនាញ កីឡាករ កីឡាការិនី សហព័ន្ធកីឡាជាតិនានា ក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ ក្នុងកិច្ចសហការគ្នា បន្តការងារឲ្យបានគ្រប់ជ្រុងជ្រោយ។ ការប្រារព្ធពិធីរាប់ថយក្រោយនេះ ក៏ជាការដាស់ស្មារតីឲ្យយើងទាំងអស់គ្នាដឹងច្បាស់ថា នេះជាពេលវេលាឆ្ពោះទៅព្រឹត្តិការណ៍ផ្លូវការ នាឆ្នាំ២០២៣ ហើយក៏ជាស្តង់ដារ ឬជាយន្តការនៃនីតិវិធីរបស់អន្តរជាតិ ក៏គេបានប្រារព្ធពិធីបែបនេះដូចគ្នាផងដែរ។ ចាប់ពេលនេះទៅ CAMSOC មានទ្រពសម្បត្តិផ្ទាល់ខ្លួន គឺស្លាកសញ្ញា (Logo) និងនិមិត្តសញ្ញា (Mascot) សម្រាប់ការផ្សព្វផ្សាយ ដូច្នេះមរតកនេះ គឺជាការចេញដំណើរផ្សព្វផ្សាយកេរ្តិ៍ឈ្មោះ ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម (កីឡាជនពិការ) លើកទី១២ ឆ្នាំ២០២៣ ទៅកាន់គ្រប់មជ្ឈដ្ឋានទាំងអស់។

នៅឆ្នាំ២០២១ កម្ពុជាមានកម្មវិធីជាច្រើនទៀត ជាពិសេសគឺការសម្ពោធពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ក្នុងការបម្រើដល់ការប្រកួតកីឡាថា កម្ពុជាបានត្រៀមខ្លួនរួចរាល់។ បើកាលណាហេដ្ឋារចនាសម្ព័ន្ធកីឡារួចរាល់ គឺអ្វីៗក៏រួចរាល់ដូចគ្នាផងដែរ ដែលនេះគឺជាគោលដៅធំនៃផែនការមេ ស៊ីហ្គេម ២០២៣៕

Loading...